ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា ការសន្ទនាគ្នាក្នុងបរិបទនយោបាយកម្ពុជាកន្លងមក មិនបានធើ្វឡើងដោយសុទ្ធចិត្តនោះឡើយ។
ការលើកឡើងរបស់លោក កឹម សុខា បែបនេះ បានធ្វើឡើងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនស្តីពី«ការផ្សះផ្សាជាតិ ត្រូវផ្សះផ្សាចិត្ត»។ នៅក្នុងការពន្យល់របស់ខ្លួនតាមបណ្តាញសង្គមហ្វេសប៊ុកនៅប៉ុន្មាននាទីមុននេះ លោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះ បានបកស្រាយពាក្យ «សន្ទនា» ថា មិនមែនជាពាក្យថ្មី ឬ ចម្លែក នោះទេ។ ជាងនេះទៅទៀត លោក កឹម សុខា បានបរិយាយពាក្យ «វប្បធម៌សន្ទនា» ថា គឺជាការបណ្តុះនូវការនិយាយគ្នា ពិភាក្សាគ្នា ឬ ចរចាគ្នា។ «ខ្ញុំយល់ឃើញថា ការសន្ទនាគ្នាដូចន័យខាងលើនេះ បានដុះដាលរួចទៅហើយ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងសាកលលោក។ ក៏ប៉ុន្តែការសន្ទនាគ្នា ក្នុងបរិបទនយោបាយកម្ពុជាកន្លងមកជាទូទៅមិនបានធើ្វឡើង ដោយសុទ្ធចិត្ត ដែលមិនទាន់បានផ្សះផ្សាផ្លូវចិត្តនៅឡើយទេ»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា ។
សម្រាប់លោក កឹម សុខា ដែលទើបតែធ្លាក់ពីតំណែងជាអនុប្រធានទី ១ នៃរដ្ឋសភា ការសន្ទនាគ្នា ត្រូវតែជាការចរចាគ្នា ដើម្បីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិជាវិជ្ជមាន និង អាចឋិតថេរ រឹងមាំទៅបាន លុះត្រាតែភាគីពាក់ព័ន្ធទាំងឡាយ បញ្ឈប់ការគុំកួន សងសឹកគ្នា បពា្ឈប់ការធើ្វឲ្យភាគីណាមួយមានការឈឺចាប់ មានការភ័យខ្លាច និងជាពិសេសបញ្ឈប់ដាច់ខាតនូវការប្រើអំពើហិង្សាតាមគ្រប់រូបភាព។
ជាចុងបញ្ចប់នៃការអត្ថាធិប្បាយរបស់ខ្លួន លោក កឹម សុខា អំពាវនាវយ៉ាងនេះថា៖«ដូច្នេះខ្ញុំសូមអំពាវនាវ ឲ្យភាគីខែ្មរទាំងអស់ បើកការសន្ទនានេះឲ្យមានភាពទូលំទូលាយ និងដោយផ្តើមចេញពីការ ផ្សះផ្សាចិត្ត ដើម្បីផ្សះផ្សាជាតិ»៕